Romans 6

1តើយើង​និយាយ​យ៉ាង​ដូចម្ដេច? ​តើ​យើង​ត្រូវ​ធ្វើបាប​បន្ដ​ទៀត​ឬ​ដើម្បីឲ្យ​ព្រះ​គុណ​បាន​ចម្រើនឡើង? 2មិនមែនដូច្នោះទេ! ​យើង​ដែល​បាន​ស្លាប់​ខាង​ឯ​បាប​រួច​ហើយ​តើ​ឲ្យ​យើង​រស់នៅក្នុងបាបតទៅទៀតយ៉ាងដូចម្ដេច​កើត? 3តើអ្នករាល់គ្នា​មិនដឹងថា​យើង​ទាំងអស់​គ្នា​ដែល​បាន​ទទួល​ពិធី​ជ្រមុជទឹកទៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ​គឺ​បាន​ទទួល​ពិធី​ជ្រមុជទឹកទៅក្នុង​ការ​សោយទិវង្គត​របស់​ព្រះអង្គទេ​ឬ? 4ដូច្នេះយើង​ត្រូវ​បាន​បញ្ចុះជាមួយព្រះអង្គ​រួច​ហើយ​តាមរយៈ​ពិធី​ជ្រមុជទឹកទៅក្នុង​សេចក្ដី​ស្លាប់ដើម្បី​ឲ្យ​ដូច​ដែល​ព្រះ​គ្រិស្ដ​បាន​រស់ពី​ការ​សោយទិវង្គត​ឡើង​វិញដោយសារសិរីរុងរឿងរបស់​ព្រះ​វរ​បិតា​ជា​យ៉ាងណា​នោះ​យើង​នឹង​រស់នៅក្នុងជីវិតថ្មី​ជា​យ៉ាងនោះដែរ 5ដ្បិតបើ​យើង​បានរួមជាមួយ​ព្រះអង្គ​នៅក្នុងការសោយទិវង្គត​របស់​ព្រះអង្គ​ហើយ​នោះ​យើង​មុខជា​រួមជាមួយ​ព្រះអង្គ​នៅ​ក្នុង​ការ​រស់​ឡើង​វិញ​របស់​ព្រះអង្គ​មិនខាន​ដែរ 6ដ្បិតយើង​ដឹង​សេចក្ដី​នេះថាមនុស្សចាស់​របស់​យើង​បាន​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​រួច​ហើយដើម្បី​ឲ្យ​ខ្លួនយើង​ដែល​មាន​បាប​ត្រូវ​វិនាសសូន្យ​និង​កុំ​ឲ្យ​យើងធ្វើ​ជា​បាវបម្រើ​របស់​បាប​តទៅ​ទៀត 7ព្រោះអ្នកណាស្លាប់​រួច​ហើយ​អ្នក​នោះ​ក៏​បាន​រួចពីបាប​ហើយ​ដែរ 8ប៉ុន្ដែបើ​យើង​ស្លាប់ជាមួយ​ព្រះ​គ្រិស្ដ​យើង​ជឿថា​យើង​នឹង​រស់ជាមួយព្រះអង្គដែរ 9ដោយដឹងថា​ព្រះ​គ្រិស្ដ​បាន​រស់ពី​ការ​សោយទិវង្គតឡើងវិញ​ហើយ​ក៏​មិនសោយទិវង្គត​ទៀត​ឡើយ​រីឯ​សេចក្ដី​ស្លាប់គ្មានអំណាចលើព្រះអង្គទៀត​ដែរ 10ព្រោះការសោយទិវង្គត​របស់​ព្រះអង្គ​គឺ​ព្រះអង្គ​បាន​សោយទិវង្គត​ខាងឯ​បាប​តែម្ដង​ជា​សម្រេច​ហើយ​ចំពោះ​ការ​ដែល​ព្រះអង្គ​មាន​ជីវិត​រស់​គឺ​រស់​ខាងឯ​ព្រះជាម្ចាស់​វិញ 11ដូច្នេះចូរ​អ្នករាល់គ្នារាប់ខ្លួនទុក​ដូច​ជាស្លាប់​ខាងឯ​បាប​រួច​ហើយដែរប៉ុន្ដែរស់នៅក្នុង​ព្រះ​គ្រិស្ដយេស៊ូ​ខាងឯ​ព្រះជាម្ចាស់វិញ 12ហេតុនេះកុំ​ឲ្យ​បាបសោយរាជ្យក្នុងរូបកាយ​របស់​អ្នករាល់គ្នា​ដែល​តែងតែ​ស្លាប់ដើម្បី​ឲ្យ​ស្ដាប់តាមចំណង់តណ្ហា​នៃ​បាប​ឡើយ 13ហើយមិន​ត្រូវ​ប្រគល់អវយវៈទាំងឡាយ​របស់​អ្នករាល់គ្នាឲ្យបាប​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​ទុច្ចរិតឡើយផ្ទុយទៅវិញ​ត្រូវ​ថ្វាយខ្លួន​ដល់​ព្រះជាម្ចាស់ទុកដូចជា​បាន​រស់ពីស្លាប់​ឡើង​វិញរួច​ថ្វាយ​អវយវៈទាំងឡាយ​របស់​អ្នករាល់គ្នា​ដល់​ព្រះជាម្ចាស់​ទុក​ជា​ឧបករណ៍​បម្រើ​សេចក្ដី​សុចរិត​វិញ 14ព្រោះបាបលែងត្រួតត្រាលើអ្នករាល់គ្នាទៀត​ហើយ​ព្រោះ​អ្នករាល់គ្នា​មិននៅក្រោមក្រឹត្យវិន័យ​ទៀត​ទេគឺនៅក្រោម​ព្រះ​គុណវិញ 15តើយើង​និយាយ​យ៉ាង​ដូចម្ដេច? ​ដោយព្រោះ​យើង​នៅក្រោម​ព្រះ​គុណហើយមិននៅក្រោមក្រឹត្យវិន័យ​តើ​ឲ្យ​យើង​ធ្វើ​បាប​? ​មិនមែនដូច្នោះទេ! 16តើអ្នករាល់គ្នា​មិនដឹងទេ​ឬ​អីថា​បើ​អ្នករាល់គ្នា​ប្រគល់ខ្លួន​ធ្វើ​ជា​បាវបម្រើ​ហើយ​ស្ដាប់បង្គាប់​តាម​នរណាម្នាក់​នោះ​អ្នករាល់គ្នា​ជាបាវបម្រើ​របស់​អ្នក​ដែល​អ្នករាល់គ្នា​ស្ដាប់បង្គាប់​នោះ​ហើយ​អ្នករាល់គ្នា​ជា​បាវបម្រើ​របស់​បាប​ដែល​នាំឲ្យស្លាប់​ជា​បាវបម្រើ​នៃ​ការ​ស្ដាប់បង្គាប់​ដែល​នាំឲ្យ​បាន​សុចរិត 17អរព្រះគុណ​ព្រះជាម្ចាស់ណាស់​ពីដើម​អ្នករាល់គ្នា​ជាបាវបម្រើ​របស់​បាបប៉ុន្ដែ​អ្នករាល់គ្នា​បាន​ស្ដាប់បង្គាប់​អស់​ពីចិត្ត​តាម​គំរូ​នៃ​សេចក្ដីបង្រៀនដែល​អ្នករាល់គ្នា​បាន​ទទួល 18ដូច្នេះព្រះអង្គ​ក៏​បាន​ប្រោស​ឲ្យ​រួចពីបាប​រួច​ឲ្យ​អ្នករាល់គ្នា​ត្រលប់ជាបាវបម្រើ​នៃ​សេចក្ដី​សុចរិត 19ដោយសារភាព​ទន់ខ្សោយខាងសាច់ឈាម​របស់​អ្នករាល់គ្នា​ខ្ញុំ​សូម​និយាយ​តាម​បែប​មនុស្សលោក​ទៅ​ចុះ​គឺ​ពី​មុន​អ្នករាល់គ្នា​បាន​ប្រគល់អវយវៈទាំងឡាយ​របស់​អ្នករាល់គ្នាបម្រើ​សេចក្ដី​ស្មោកគ្រោកនិង​សេចក្ដី​ទុច្ចរិត​ដែល​នាំទៅសេចក្ដីអាក្រក់ជាយ៉ាងណាឥឡូវនេះ​ចូរ​អ្នករាល់គ្នា​ប្រគល់អវយវៈទាំងឡាយ​របស់​អ្នករាល់គ្នា​នោះ​បម្រើ​សេចក្ដី​សុចរិត​ដែល​នាំទៅ​ភាព​បរិសុទ្ធជា​យ៉ាងនោះ​ដែរ 20នៅពេលអ្នករាល់គ្នា​ជាបាវបម្រើ​របស់​បាប​នោះ​អ្នករាល់គ្នាដាច់ចេញ​ពី​សេចក្ដី​សុចរិត 21នៅពេលនោះ​តើ​អ្នករាល់គ្នា​បាន​ទទួលផលអ្វី​ខ្លះ​ពី​សេចក្ដី​ដែល​អ្នករាល់គ្នា​អៀនខ្មាសនៅពេលនេះ? ​ព្រោះលទ្ធផល​នៃ​សេចក្ដី​ទាំងនោះ​ជា​សេចក្ដីស្លាប់ 22ប៉ុន្ដែឥឡូវនេះ​អ្នករាល់គ្នា​បាន​រួចពីបាបហើយ​ត្រលប់ជា​បាវបម្រើ​របស់​ព្រះជាម្ចាស់​អ្នករាល់គ្នា​បាន​ទទួលផល​របស់​អ្នករាល់គ្នានៅក្នុង​ភាព​បរិសុទ្ធ​ដែល​មាន​លទ្ធផល​ជា​ជីវិតអស់កល្បជានិច្ច 23ដ្បិតឈ្នួល​របស់​បាប​ជា​សេចក្ដីស្លាប់តែអំណោយទាន​របស់​ព្រះជាម្ចាស់​ជា​ជីវិតអស់កល្បជានិច្ចតាមរយៈ​ព្រះ​យេស៊ូគ្រិស្ដជាព្រះអម្ចាស់​នៃ​យើង
Copyright information for KhmKCB